Showing posts with label ​សេដ្ឋកិច្ច​. Show all posts
Showing posts with label ​សេដ្ឋកិច្ច​. Show all posts

ក្រុង​ម៉ានីលៈ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ទម្លាក់​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ចំពោះ​តំបន់​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍ ក្នុង​គ្រា​ដែល​កំណើន​សេដ្ឋកិច្ច​អាមេរិក និង​ចិន កើន​ឡើង​ទាប​ជាង​ការ​ព្យាករ​។
ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ានីល​នេះ​បាន​ឲ្យ​ដឹង​ថា កំណើន ផ.ស.ស របស់​តំបន់​នេះ ត្រូវ​បាន​ព្យាករ​ថា​អាច​នឹង​សម្រេច​បាន​កំណើន​ត្រឹម​តែ ៦,១​ ភាគ​រយ​ធៀប​នឹង​ការ​ព្យាករ ៦,៣​ ភាគ​រយ​នៅ​ក្នុង​ចក្ខុវិស័យ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ឆ្នាំ ដែល​បាន​ចេញ​ផ្សាយ​កាល​ពីខែ​មីនា។
របាយការណ៍​បំពេញ​បន្ថែម​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «​ដោយ​សារ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​នៅ​ត្រី​មាស​ទីមួយ ហើយ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​មួយ​ចំនួន​មិន​សូវ​ល្អ ការ​ព្យាករ​ពី​កំណើន​នៅ​តំបន់​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​ទម្លាក់​»។
ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ថា កំណើន​ចក្ខុវិស័យ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម ៤,៦​ភាគ​រយ ដោយ​សារ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​សិង្ហបុរី សម្រេច​បាន​កំណើន​ទាប​នៅ​ឆមាស​ទីមួយ។ កំណើន​សេដ្ឋកិច្ច​នៅ​មហា​អនុតំបន់​នេះ​ ទំនង​ជា​កើន​ឡើង​ដល់​ ៥,១​ភាគរយ​នៅ​ឆ្នាំ​ក្រោយ។
របាយការណ៍​បន្ថែម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នេះ បាន​ទម្លាក់​ការ​ព្យាករ​កំណើន ​ផ.ស.ស របស់​ប្រទេស​ថៃ​ពី ៣,៦ ​ភាគ​រយ​ដែល​បាន​ព្យាករ​នៅ​ខែ​មីនា មក​នៅ​ត្រឹម ៣,២ ​ភាគរយ​វិញ។ ធនាគារ​នេះ​បាន​រក្សា​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ ២០១៦ នៅ​អត្រា ៤,១ ​ភាគ​រយ​ដដែល។
ធនាគារ​ ADB បាន​បញ្ជាក់​ថា តំបន់​អាស៊ី​អាគ្នេយ៍​គឺជា​អនុតំបន់​តែ​មួយ​គត់ ដែល​មាន​ការ​ព្យាករ​ពី​អតិផរណា​កាន់​តែ​ខ្ពស់​នៅ​ឆ្នាំ​ ២០១៥ និង​២០១៦ ដោយ​ត្រូវ​បាន​កែ​តម្រូវ​ពី​អត្រា ៣,១​ភាគ​រយ​ទៅ​ ៣,៤​ភាគ​រយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ​ ហើយ​ការ​ព្យាករ​ពី​អតិផរណា​នេះ​ត្រូវ​បាន​ដំឡើង​ចំពោះ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី តែ​ត្រូវ​បាន​ទម្លាក់​ចំពោះ​ថៃ​។
ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ចិន​កាន់​តែ​ទាប កំពុង​ប៉ះពាល់​ដល់​តំបន់​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍​ទាំង​មូល។
លោក Shang Jin-Wei ប្រធាន​សេដ្ឋ​វិទូ​នៅ​ធនាគារ​ADB បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន German Press ថា៖ «​កំណើន​សេដ្ឋកិច្ច​ចិន​កាន់​តែ​ទាប ទំនង​ជា​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី ដោយ​សារ​ទំហំ​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​ប្រទេស​នេះ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​តាម​រយៈ​សកម្មភាព​ប្រតិបត្តិការ​ប្រចាំ​តំបន់ និង​ពិភពលោក»៕ BP
Content image - Phnom Penh Post

Audi កាត់​បន្ថយ​ទិស​ដៅ​លក់​របស់​ខ្លួន​នៅ​ប្រទេស​ចិន

ក្រុមហ៊ុន​ Audi AG បាន​បោះបង់​ចោល​ទិសដៅ​​លក់​រថ​យន្ត​ ៦សែនគ្រឿង​នៅ​ឆ្នាំ​នេះ ​​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ជា​ទី​ផ្សារ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ដោយ​សារ​តែ​ភាព​ចលាចល​ផ្សារ​ហ៊ុន​របស់​ប្រទេស​នេះ​បាន​បំផ្លាញ​តម្រូវ​ការ​សម្រាប់​រថយន្ត​ប្រណិត។ នេះ​បើ​យោង​តាម​​ប្រភព​ពីរ​ដែល​បាន​ដឹង​ពី​ផែ​ន​ការ​របស់​​ក្រុម​ហ៊ុន​នេះ។
ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​មួយនេះ ​នឹង​ផ្ដល់​បច្ចុប្បន្ន​ភាព​ស្ដីពី​ស្ថានភាព​ទីផ្សារ​នេះ​ នៅ​ពេល​ខ្លួន​​ប្រកាស​​ពី​លទ្ធ​ផល​ឆមាស​ទី ​១ ​​នៅ​ថ្ងៃ​ទី ​៣០ ខែ​កក្កដា។ នេះ​​បើ​យោង​តាម​ប្រភព​ពីរ​ដែល​​បាន​ស្នើ​សុំ​មិន​​ប្រាប់​ឈ្មោះ​ដោយ​សារ​តែ​​ព័ត៌មាន​នេះ​​មិន​មែន​ជា​ព័ត៌មាន​សាធារណៈ។
ក្រុមហ៊ុន​ធំ​របស់ Audi គឺ​ក្រុមហ៊ុន​ Volkswagen AG ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Ingolstadt ប្រទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​​​មួយ​តាម​អ៊ីមែល​ថា៖ «​​យើង​កំពុង​ត្រួត​ពិនិត្យ​ទី​ផ្សារ​នេះ​យ៉ាង​ជិតស្និទ្ធ​ ហើយ​ព្យាករណ៍​ពី​កំណើន​​សេដ្ឋកិច្ច​បន្ថែម​ទៀត​នៅ​​ក្នុង​​រយៈពេល​មធ្យម​និង​រយៈពេល​វែង»។
Audi ​បាន​ឲ្យដឹង​ក្នុង​អំឡុង​ពេល​តាំង​ពិ​ព័ណ៌រថយន្ត​​នៅ​ទី​ក្រុង​ ស៊ាង​ហៃ ​​កាល​ពីខែ​មេសា​ ថា ​ការ​លក់​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​រួម​ទាំង​ ហុង​កុង​ ​​ដែល​បាន​កើន​ឡើង​ដល់ ​​៥៧៨ ៩៣២ ​គ្រឿង​​កាល​ពី​ឆ្នាំមុន​ ត្រូវ​បាន​រំពឹង​ថា ​​នឹង​សម្រេច​បានដល់ ​​៦០០ ០០០ ​គ្រឿង​ជា​លើក​ដំបូង​នៅ​ឆ្នាំ ​២០១៥។ ប៉ុន្តែ ចាប់តាំង​ពី​ពេល​នោះ ទីផ្សារ​រថយន្ត​របស់​​ចិន​​ចាប់​ផ្តើម​ចុះ​​ខ្សោយ ​ដោយ​សារតែ​កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ ហើយ​​ផ្សារហ៊ុន​​ស្ថិត​​ក្នុង​សភាព​ចលាចល ​​បាន​បង្ក​ការ​បារម្ភ​ដល់​អតិថិជន​។
ក្រុមហ៊ុន Jaguar Land Rover​ បាន​កាត់​បន្ថយ​តម្លៃ​និង​ទិស​ដៅ​​លក់​របស់​ខ្លួន​​កាល​ពីថ្ងៃ​អង្គារ​ផងដែរ។​
Audi គឺជា​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ប្រ​ណិត​​កលក់​ដាច់​បំ​ផុត​របស់​ប្រទេសចិន​ និង​ជា​ក្រុម​ហ៊ុន​លំដាប់​លេខ​ ២​របស់​ពិ​​ភព​លោក​បន្ទាប់​ពី​ក្រុ​ម​ហ៊ុន​​ BMW AG។ វា​គឺ​ជា​ក្រុម​ហ៊ុន​រក​បាន​ប្រាក់​ចំណេញ​ច្រើនជាង​គេ​ផងដែរ​នៅ​​ក្នុង​​ក្រុម​ហ៊ុន​មេ​ Volkswagen ៕ Bloomberg/​PB
media 
យោងតាមការព្យាករណ៍ របស់ FMI សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ​២០១៥ មាន​កំណើន​ ៣,៣%Marcos Santos/USP Imagens
ពិភពលោក​ទាំង​មូល​ កំពុង​ឆ្លងកាត់​ ស្ថានភាព​សេដ្ឋកិច្ច ​ដែល​មាន​ដំណើរ​ការ​ មិន​ល្អ​ប្រសើរ ​ជាច្រើន​ជំពូក។ ​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងនេះ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​ធ្វើការ​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ នៅ​ឆ្នាំ​២០១៥​នេះ ​នឹង​មាន​កំរិត​ត្រឹម​តែ ​៣,៣%​ប៉ុណ្ណោះ។ ទោះ​បី​ជា​វិបត្តិ​ក្រិក ​មិន​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ទៅ​លើ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ​ ក៏​គេ​មិន​អាច​បណ្តោយ​ឲ្យ​ បញ្ហា​នៅ​រ៉ាំរ៉ៃ​ដូច្នេះ​បាន​ដែរ។
នា​រយៈ​ពេល​មុន​នេះ ​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ទុក​ថា ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ​នៅ​ឆ្នាំ​២០១៥ ​និង​មាន​ចំនួន​ ៣,៥ %។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​៩​កក្កដា​នេះ ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ ​បាន​កាត់​បន្ថយ​ការ​សង្ឃឹម​ចំនួន​ ០,២% ​ពោល​គឺ​កំណើន​សេដ្ឋកិច្ច​នឹង​មាន​ចំនួន​ប្រមាណ​ជា​ ៣,៣% ​ប៉ុណ្ណោះ។
ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ​ក្នុង​ឆ្នាំ​២០១៥  ​ដែល​មាន​មិន​ល្អ​ប្រសើរ ​ត្រូវ​បាន​មូលនិធិ​រូបិយត្ថុ​អន្តរជាតិ ​យល់​ថា​បណ្តាល​មក​ស្ថានភាព​សេដ្ឋកិច្ច​ នៅ​តំបន់​អាមេរិក​ខាង​ជើង ​ដូច​ជា​កាណាដា ​និង​អាមេរិក​ ដែល​បាន​ជួប​ការ​លំបាក ​ក្នុង​កំឡុង​៦ខែ​ដើម​ឆ្នាំ​នេះ។ ជាក់​ស្តែង​ FMI ​បាន​ព្យាករណ៍​ទុក​ថា ​កំណើន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ អាច​មាន​ត្រឹម​តែ ​ពី ​០,៦% ​ទៅ​ ២,៥ % ​ប៉ុណ្ណោះ។ រឺឯ​កំណើន​សេដ្ឋកិច្ច​កាណាដា​វិញ ​អាច​មាន​ចន្លោះ​ពី ​០,៧% ​ទៅ ១,៥%។

គួរ​បញ្ជាក់​ផងដែរ​ថា ​ភាព​រអាក់រអួល​នៃ​សេដ្ឋកិច្ច​ពិភពលោក ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​មួយ​ផ្នែក​ធំ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផង​ដែរ​ ទៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ​តម្លៃ​ភាគ​ហ៊ុន​ដែល​បាន​ធ្លាក់​ថ្លៃ ​ធ្វើ​ឲ្យ​មាន​ការ​បង់​ខាត​ជា​ច្រើន។ ក្នុង​អំឡុង​ពេល ៣​សប្តាហ៍​កន្លង​មក​នេះ ​ទីផ្សារ​ភាគ​ហ៊ុន​ក្រុង​សៀងហៃ​ របស់​ចិន ​បាន​ខាត​បង់​ប្រាក់​ជាង ​៣០០០​ពាន់​លាន​ដុល្លារ។ ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ ​លើ​ពិភពលោក ​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ មិន​មាន​សន្ទុះ។ ​ សន្ទុះ​សេដ្ឋកិច្ច​ដែល​ចិន​កំពុង​តែ ​ព្យាយាម​ផ្តល់​ទៅ​ឲ្យ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ ជាជាង​ការ​នាំ​ចេញ ​ដូច​ដែល​ចិន​ធ្លាប់​ស្គាល់​កន្លង​មក។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​មិន​បាន​កំណត់​ដោយ​ផ្ទាល់​ទេ​ថា ​វិបត្តិ​ហិរញ្ញ​វត្ថុ​ក្រិក ​​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ទៅ​លើ​ភាព​រអាក់រអួល​ ក្នុង​ដំណើរ​សេដ្ឋកិច្ច​ពិភពលោក។ FMI ​បាន​ព្យាករណ៍​ថា ​សហគមន៍​អឺរ៉ុប ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា ​១,៥​%។ សេដ្ឋកិច្ច​បារាំង​នឹង​មាន​កំណើន​ចំនួន​ ១,២% រី​ឯ​អាល្លឺម៉ង់​វិញ ​មាន​១,៦%។ ក៏​ប៉ុន្តែ​ បើ​សិន​ជា​ក្រិក ត្រូវ​ចាក​ចេញ​ពី​តំបន់​ចាយ​លុយ​អឺរ៉ូ​ នោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អឺរ៉ុប​ អាច​នឹង​ជួប​បញ្ហា។ ដូច្នេះ ​វា​ជា​ការ​ចាំបាច់​សម្រាប់​សហភាព​អឺរ៉ុប​ ក្នុង​ការ​រក​ដំណោះស្រាយ​មួយ​សមរម្យ ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក ​មុន​នឹង​វា​ឆ្លង​រាលដាល​ កាន់​តែ​ធំ​ ទៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​ទាំងមូល៕

Ads