Fri, 17 July 2015
ក្រុងម៉ានីលៈ កាលពីថ្ងៃព្រហស្បតិ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនចំពោះតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ ក្នុងគ្រាដែលកំណើនសេដ្ឋកិច្ចអាមេរិក និងចិន កើនឡើងទាបជាងការព្យាករ។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះបានឲ្យដឹងថា កំណើន ផ.ស.ស របស់តំបន់នេះ ត្រូវបានព្យាករថាអាចនឹងសម្រេចបានកំណើនត្រឹមតែ ៦,១ ភាគរយធៀបនឹងការព្យាករ ៦,៣ ភាគរយនៅក្នុងចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីប្រចាំឆ្នាំ ដែលបានចេញផ្សាយកាលពីខែមីនា។
របាយការណ៍បំពេញបន្ថែមនេះបានបន្តឲ្យដឹងថា៖ «ដោយសារសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនៅត្រីមាសទីមួយ ហើយសេដ្ឋកិច្ចនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមួយចំនួនមិនសូវល្អ ការព្យាករពីកំណើននៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍នេះ ត្រូវបានទម្លាក់»។
ធនាគារនេះបានឲ្យដឹងថា កំណើនចក្ខុវិស័យសម្រាប់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានទម្លាក់មកនៅត្រឹម ៤,៦ភាគរយ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី សម្រេចបានកំណើនទាបនៅឆមាសទីមួយ។ កំណើនសេដ្ឋកិច្ចនៅមហាអនុតំបន់នេះ ទំនងជាកើនឡើងដល់ ៥,១ភាគរយនៅឆ្នាំក្រោយ។
របាយការណ៍បន្ថែមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានទម្លាក់ការព្យាករកំណើន ផ.ស.ស របស់ប្រទេសថៃពី ៣,៦ ភាគរយដែលបានព្យាករនៅខែមីនា មកនៅត្រឹម ៣,២ ភាគរយវិញ។ ធនាគារនេះបានរក្សាការព្យាករពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៦ នៅអត្រា ៤,១ ភាគរយដដែល។
ធនាគារ ADB បានបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍គឺជាអនុតំបន់តែមួយគត់ ដែលមានការព្យាករពីអតិផរណាកាន់តែខ្ពស់នៅឆ្នាំ ២០១៥ និង២០១៦ ដោយត្រូវបានកែតម្រូវពីអត្រា ៣,១ភាគរយទៅ ៣,៤ភាគរយក្នុងរយៈពេលពីរឆ្នាំនេះ ហើយការព្យាករពីអតិផរណានេះត្រូវបានដំឡើងចំពោះឥណ្ឌូនេស៊ី និងម៉ាឡេស៊ី តែត្រូវបានទម្លាក់ចំពោះថៃ។
ក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួន ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចចិនកាន់តែទាប កំពុងប៉ះពាល់ដល់តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ទាំងមូល។
លោក Shang Jin-Wei ប្រធានសេដ្ឋវិទូនៅធនាគារADB បានប្រាប់ទីភ្នាក់ងារព័ត៌មាន German Press ថា៖ «កំណើនសេដ្ឋកិច្ចចិនកាន់តែទាប ទំនងជាមានផលប៉ះពាល់ខ្លាំងលើប្រទេសផ្សេងទៀតនៅតំបន់អាស៊ី ដោយសារទំហំសេដ្ឋកិច្ច និងទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសនេះជាមួយប្រទេសផ្សេងទៀតក្នុងតំបន់តាមរយៈសកម្មភាពប្រតិបត្តិការប្រចាំតំបន់ និងពិភពលោក»៕ BP
