Content image - Phnom Penh Post

Audi កាត់​បន្ថយ​ទិស​ដៅ​លក់​របស់​ខ្លួន​នៅ​ប្រទេស​ចិន

ក្រុមហ៊ុន​ Audi AG បាន​បោះបង់​ចោល​ទិសដៅ​​លក់​រថ​យន្ត​ ៦សែនគ្រឿង​នៅ​ឆ្នាំ​នេះ ​​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​ជា​ទី​ផ្សារ​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ដោយ​សារ​តែ​ភាព​ចលាចល​ផ្សារ​ហ៊ុន​របស់​ប្រទេស​នេះ​បាន​បំផ្លាញ​តម្រូវ​ការ​សម្រាប់​រថយន្ត​ប្រណិត។ នេះ​បើ​យោង​តាម​​ប្រភព​ពីរ​ដែល​បាន​ដឹង​ពី​ផែ​ន​ការ​របស់​​ក្រុម​ហ៊ុន​នេះ។
ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​មួយនេះ ​នឹង​ផ្ដល់​បច្ចុប្បន្ន​ភាព​ស្ដីពី​ស្ថានភាព​ទីផ្សារ​នេះ​ នៅ​ពេល​ខ្លួន​​ប្រកាស​​ពី​លទ្ធ​ផល​ឆមាស​ទី ​១ ​​នៅ​ថ្ងៃ​ទី ​៣០ ខែ​កក្កដា។ នេះ​​បើ​យោង​តាម​ប្រភព​ពីរ​ដែល​​បាន​ស្នើ​សុំ​មិន​​ប្រាប់​ឈ្មោះ​ដោយ​សារ​តែ​​ព័ត៌មាន​នេះ​​មិន​មែន​ជា​ព័ត៌មាន​សាធារណៈ។
ក្រុមហ៊ុន​ធំ​របស់ Audi គឺ​ក្រុមហ៊ុន​ Volkswagen AG ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Ingolstadt ប្រទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​​​មួយ​តាម​អ៊ីមែល​ថា៖ «​​យើង​កំពុង​ត្រួត​ពិនិត្យ​ទី​ផ្សារ​នេះ​យ៉ាង​ជិតស្និទ្ធ​ ហើយ​ព្យាករណ៍​ពី​កំណើន​​សេដ្ឋកិច្ច​បន្ថែម​ទៀត​នៅ​​ក្នុង​​រយៈពេល​មធ្យម​និង​រយៈពេល​វែង»។
Audi ​បាន​ឲ្យដឹង​ក្នុង​អំឡុង​ពេល​តាំង​ពិ​ព័ណ៌រថយន្ត​​នៅ​ទី​ក្រុង​ ស៊ាង​ហៃ ​​កាល​ពីខែ​មេសា​ ថា ​ការ​លក់​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន​រួម​ទាំង​ ហុង​កុង​ ​​ដែល​បាន​កើន​ឡើង​ដល់ ​​៥៧៨ ៩៣២ ​គ្រឿង​​កាល​ពី​ឆ្នាំមុន​ ត្រូវ​បាន​រំពឹង​ថា ​​នឹង​សម្រេច​បានដល់ ​​៦០០ ០០០ ​គ្រឿង​ជា​លើក​ដំបូង​នៅ​ឆ្នាំ ​២០១៥។ ប៉ុន្តែ ចាប់តាំង​ពី​ពេល​នោះ ទីផ្សារ​រថយន្ត​របស់​​ចិន​​ចាប់​ផ្តើម​ចុះ​​ខ្សោយ ​ដោយ​សារតែ​កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ ហើយ​​ផ្សារហ៊ុន​​ស្ថិត​​ក្នុង​សភាព​ចលាចល ​​បាន​បង្ក​ការ​បារម្ភ​ដល់​អតិថិជន​។
ក្រុមហ៊ុន Jaguar Land Rover​ បាន​កាត់​បន្ថយ​តម្លៃ​និង​ទិស​ដៅ​​លក់​របស់​ខ្លួន​​កាល​ពីថ្ងៃ​អង្គារ​ផងដែរ។​
Audi គឺជា​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ប្រ​ណិត​​កលក់​ដាច់​បំ​ផុត​របស់​ប្រទេសចិន​ និង​ជា​ក្រុម​ហ៊ុន​លំដាប់​លេខ​ ២​របស់​ពិ​​ភព​លោក​បន្ទាប់​ពី​ក្រុ​ម​ហ៊ុន​​ BMW AG។ វា​គឺ​ជា​ក្រុម​ហ៊ុន​រក​បាន​ប្រាក់​ចំណេញ​ច្រើនជាង​គេ​ផងដែរ​នៅ​​ក្នុង​​ក្រុម​ហ៊ុន​មេ​ Volkswagen ៕ Bloomberg/​PB

Ads